ជ្រើសរើសភាសា: Khmer Khmer English English
ពិធី“ប្រកាសពង្រីកការប្រើប្រាស់មុខងាររបស់ប្រព័ន្ធ FMIS,ការអនុវត្តនីតិវិធីតាមប្រព័ន្ធ FMISទាំងស្រុង, ការប្រើប្រាស់ប្រព័ន្ធ FMIS Portal ជំនាន់ទី ១ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង ការដាក់ឱ្យអនុវត្តគម្រោងរៀបចំមុខងារ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅក្រសួងចំនួន ៥”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ ២០២៣

នារសៀលថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៣, នៅសាលាជាតិគយ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធី “ប្រកាសពង្រីកការប្រើប្រាស់មុខងាររបស់ប្រព័ន្ធ FMIS, ការអនុវត្តនីតិវិធីតាមប្រព័ន្ធ FMIS ទាំងស្រុង, ការប្រើប្រាស់ប្រព័ន្ធ FMIS Portal ជំនាន់ទី ១ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង ការដាក់ឱ្យអនុវត្តគម្រោងរៀបចំមុខងារ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅក្រសួងចំនួន ៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័នទាំងអស់, រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក និង ឃុំ-សង្កាត់ រួមជាមួយតំណាងដៃគូអភិវឌ្ឍ ទាំងនៅកន្លែងប្រារព្ធពិធីផ្ទាល់ និង តាមប្រព័ន្ធវីដេអូអនឡាញប្រមាណ ១ ៤០០ នាក់។

ប្រព័ន្ធ Financial Management Information System (FMIS)គឺជាឧបករណ៍ស្រួលដែលមិនអាចខ្វះបានសម្រាប់ ជួយគាំទ្រ និង ជំរុញដល់ការសម្រេចបាននូវគោលដៅ នៃដំណាក់កាលនីមួយៗរបស់កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ រួមមាន ការបង្កើនភាពជឿទុកចិត្តនៃថវិកា, ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ, ការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោល នយោបាយ និង ការបង្កើនគណនេយ្យភាព សមិទ្ធកម្ម ព្រមទាំង ជួយបង្កើនប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះ ។ សមិទ្ធផលជាច្រើនបានកើតចេញពីការអនុវត្តគម្រោង FMIS តាំងពីជំហានទី ១ ក្នុងឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ននេះ ដែលជាជំហានទី ៣ គឺមិនមែនកើតចេញដោយភ្លាមៗ និង ងាយៗនោះទេ គឺកើតចេញពី ការប្តេជ្ញាចិត្តខ្ពស់ និង កិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុត មិនរាថយ របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេស ក្រុមការងារគ្រប់គ្រងគម្រោង FMIS និង ការចូលរួមគាំទ្រយ៉ាងសស្រាក់សស្រ័ពីតួអង្គដែល មានការពាក់ព័ន្ធនៅតាមក្រសួង-ស្ថាប័ន ស្របតាមឆន្ទៈនយោបាយ និង ការតម្រង់ទិសយ៉ាងម៉ឹងម៉ាត់ និង ឈ្លាសវៃបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ដ៍ឆ្នើមរបស់កម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានប្រកាសការដាក់ឱ្យអនុវត្ត និង ប្រើប្រាស់ជាផ្លូវការ៖

១). នីតិវិធីចំណាយថវិកាចរន្តគ្រប់មុខសញ្ញាតាមប្រព័ន្ធ HIS ទាំង ស្រុងសម្រាប់ក្រសួង-ស្ថាប័នចំនួន ៥ បន្ថែម

២). នីតិវិធីចំណាយថិវកាទូទាត់សេវាបំណុលក្នុងជំពូក ៥០ និង ៦៦ តាមប្រព័ន្ធ FMIS ទាំងស្រុង នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

៣). ប្រព័ន្ធ HMIS Portal ជំនាន់ទី១ ទៅកាន់រដ្ឋបាលក្រុង ស្រុក និង ឃុំ-សង្កាត់ សរុបចំនួន ៥៤២ បន្ថែម

៤). មុខងារស្រួល នៃប្រព័ន្ធ FMIS ទៅកាន់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ១០ បន្ថែមថ្មី

៥). មុខងាររៀបចំផែនការថវិកា ទៅកាន់ក្រសួង-ស្ថាប័នចំនួន១២ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់ កណ្ដាលចំនួន ១៧ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥

៦). មុខងារលទ្ធកម្មពេញលេញ ទៅកាន់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្ដាលចំនួន ២០ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥

៧). គម្រោង “មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ” នៅក្នុងប្រព័ន្ធ FMIS ជាមួយក្រសួង-ស្ថាប័នចំនួន ៥ គឺ ១. ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ២. ក្រសួងបរិស្ថាន ៣. ក្រសួងសុខាភិបាល ៤ ក្រសួងមហាផ្ទៃ និង ៥. ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

៨). នីតិវិធី ចំណាយថវិកាចរន្តគ្រប់មុខសញ្ញាតាមប្រព័ន្ធ HIS ទាំងស្រុងសម្រាប់ក្រសួងយុត្តិធម៌នៅក្នុងខែមិថុនា ២០២៣ តទៅ ។

ជាមួយនឹងការថ្លែងអំណរគុណចំពោះលទ្ធផលការងារដែលសម្រេចបានរបស់ ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏ដូចជាការវាយតម្លៃ ខ្ពស់ចំពោះការចូលរួមចំណែករបស់តំណាងដៃគូអភិវឌ្ឍ, អគ្គនាយកដ្ឋាន អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានគាំទ្រ និងចូលរួមសហការជាកម្លាំងរួមក្នុងការកសាងសម្រេចបាននូវសមិទ្ធផលជាច្រើនកន្លងមក, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានរម្លឹកនូវឱ វាទានុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងដាស់តឿនបុគ្គលិកមន្ត្រីរាជការ ទាំងអស់ថា : “កែទម្រង់គឺរស់ មិនកែទម្រង់គឺស្លាប់” និង“គ្មានលទ្ធផលណាដែលបានមកដោយមិនមានការបង់ថ្លៃនោះ ទេ ហើយក៏គ្មានការកែទម្រង់ណាដែលសម្រេចបានដោយមិនមានការលះបង់នោះដែរ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្ត និងជំរុញថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលមានតួនាទីភារកិច្ចក្នុងកិច្ចការថវិកា និងហិរញ្ញវត្ថុ ឲ្យលះបង់ប្រយោជន៍សួនតួ ប្តេជ្ញាឱ្យបានមុតមាំ តាមគំរូលះបង់ប្រកបដោយវីរភាពដ៏អង់អាចរបស់ សម្តេចអគ្គមហា សេនាបតីតេជោនាយករដ្ឋមន្ត្រី ដែលតែងតែតម្កល់ប្រយោជន៍ជាតិជាធំ និងសូមផ្លាស់ប្ដូរផ្នត់គំនិតទទួលយកនូវបរិ ការណ៍នៃការផ្លាស់ប្ដូររបៀបរបបបំពេញការងារថ្មី ខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ ដោយគិតជាធំទៅលើប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាជាតិ និងតម្លៃនៃលុយ ដើម្បីការផ្តល់សេវាសាធារណះជូនប្រជា ពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង ៕


ព័ត៌មានទាក់ទង